ចរិតលក្ខណៈនៃភតិសន្យាមានរយៈពេលកំណត់ និងមានរយៈពេលមិនកំណត់

ពាក្យថា ភតិសន្យា ត្រូវបានផ្តល់និយមន័យដោយមាត្រា ៥៩៦ នៃក្រមរដ្ឋប្បវេណីកម្ពុជា  គឺជាកិច្ចសន្យាមួយ ដែលភាគីម្ខាង ឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយ ដោយយកថ្លៃ។ វត្ថុដែលជាកម្មវត្ថុនៃភតិសន្យា មានចលនវត្ថុ និងអចលនវត្ថុ។

ដោយឡែកមាត្រា ៥៩៩, មាត្រា ៦១៣ និងមាត្រា ៦១៤ នៃក្រមរដ្ឋប្បវេណី បានបង្ហាញពីចរិកលក្ខណៈនៃភតិសន្យាមានរយៈពេលកំណត់ និងមានរយៈពេលមិនកំណត់ ដូចខាងក្រោម ៖

  • ភតិសន្យា ដែលមានកំណត់អំឡុងពេល គឺធ្វើឡើងសម្រាប់រយៈពេលជាក់លាក់មួយដែលចាំបាច់ត្រូវមានចែងក្នុងកិច្ចសន្យាជាលាយល័ក្ខណ៍អក្សរ។
  • ភតិសន្យា ទោះបីជាលាយល័ក្ខណ៍ ឬ អត់ ដែលមិនមានចែងអំពីរយៈពេល គឺជាភតិសន្យាដែលគ្មានកំណត់អំឡុងពេល។
  • ភតិសន្យា ដែលមិនធ្វើជាលាយល័ក្ខណ៍អក្សរ ត្រូវចាត់ទុកជាភតិសន្យាដែលគ្មានកំណត់អំឡុងពេលដោយមិនគិតថា តើគូភាគីមានការព្រមព្រៀងគ្នាបែបណា ដោយផ្ទាល់មាត់នោះទេ។
  • ភតិសន្យាដែលគ្មានកំណត់អំឡុងពេល បន្តមានសុពលភាពអនុវត្ត រហូតដល់ពេលដែលភាគីណាមួយ សម្រេចរំលាយកិច្ចសន្យាជួលនោះ។
  • នៅពេលចប់អំឡុងពេលដែលចែងក្នុងភតិសន្យាមានកំណត់អំឡុងពេល ភតិសន្យានេះ នឹងក្លាយជាភតិសន្យាដែលគ្មានកំណត់អំឡុងពេល លើកលែងតែ ៖
    • ភតិបតី ផ្តល់ការជូនដំណឹងជាមុនអំពីចេតនាមិនចង់បន្តកិច្ចសន្យាជួលនោះ ដែលក្នុងករណីនោះភតិសន្យានោះនឹងត្រូវរលាយ ឬ
    • គូភាគីព្រមព្រៀងគ្នាជាលាយល័ក្ខណ៍អក្សរថា បន្តភតិសន្យានោះមួយរយៈពេលកំណត់ទៀត។

ខាងលើនេះ មិនពិចារណាដល់ការជួលអចិន្ត្រៃយ៍ ដែលត្រូវបានទទួលស្គាល់ថា ជាសិទ្ធិប្រត្យក្ស ដូចមាត្រា ១៣២ នៃក្រមរដ្ឋប្បវេណីបានចែងនោះទេ៕
———-
ដោយ ៖ នីតិកោសល / Niteakosal